Sunday, January 29, 2017

Cambodia temple ប្រាសាទកោះកេរ្តិ៍ រាជធានីចាស់បុរាណរបស់ខ្មែរ មានអាយុកាលជាង ១០០០ឆ្នាំ

Cambodia temple koh khe អត្ថបទនេះយកចេកពីpage SPKT LIV

ប្រាសាទកោះកេរ្តិ៍ រាជធានីចាស់បុរាណរបស់ខ្មែរ មានអាយុកាលជាង ១០០០ឆ្នាំនៅតែទាក់ទាញ ❤🇰🇭❤
•••••••••••••••••••
ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចំងាយ ៧២គ.ម ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ២១១ និងផ្លូវលំចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរតាមដងផ្លូវលេខ៦៤ ដែលបែកចេញពីផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ឆ្ពោះទៅទិសខាងជើងសំដៅទៅរកស្រុកស្វាយលើ ខេត្តសៀមរាប រួចបន្តទៅស្រុកគូលេន ខេត្តព្រះវិហារ គឺមានចំងាយប្រមាណ ១២០គ.ម។ បើគិតពីការគ្រប់គ្រងរដ្ឋបាលសព្វថ្ងៃ មណ្ឌលនៃអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។

កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថាទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។

នៅកន្លែងថ្មីនេះ ព្រះអង្គបានខិតខំកសាងនូវសមិទ្ធិផលធំៗ ជាច្រើនដូចជាប្រាសាទកោះកេរ្តិ៍ ឬហៅថាប្រាសាទធំ សម្រាប់តម្កល់សិវលិង្គ ឈ្មោះត្រីភូវនេស្វរៈ ជាដើម។ បច្ចុប្បន្នសេវលិង្គបានបាត់បង់ទៅហើយ។

នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម ចែកចេញជា៧ថ្នាក់ និងមានកាំជណ្តើរប្រមាណ ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយមានកំពស់៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។

សំណង់ប្រាសាទកោះកេរ្តិ៍ ឬប្រាសាទធំនេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ នៅទិសខាងលិច សំណង់ប្រាសាទកោះកេរ្តិ៍ គឺជារាជធានីយសោធបុរៈ (អង្គរ)។

ក្រោយពីការសោយទិវង្គត់ របស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមហស៌វរ្ម័នទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤គ.ស រាជធានីកោះកេរ្តិ៍ ឬឆោកគគ៌្យរ ក៏ត្រូវបាន ព្រះបាទរាជេន្រ្ទវរ្ម័នទី២ ផ្លាស់ចូលមកក្នុងរាជធានីយសោធបុរៈ (អង្គរ) វិញ។ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានយាងត្រឡប់មកសោយរាជ្យនៅរាជធានីអង្គរវិញ ប៉ុន្តែគ្មាននរណាម្នាក់អាចពន្យល់ពីមូលហេតុអោយបានច្បាស់លាស់ នៃការវិលត្រឡប់ របស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានឡើយ។

ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។

បើគិតពីរយៈពេលនៃការតាំងរាជធានីនៅកោះកេរ្តិ៍ មានតែជាង២០ឆ្នាំប៉ុណ្ណោះ តែការតាំងទីរស់នៅរបស់ប្រជាជនគឺច្បាស់ជាមានមុននោះ ហើយការសាងសង់សំណង់ប្រាសាទនានាច្បាស់ជាមានយូរក្រោយមកទៀត ថ្វីត្បិតសំណង់មានច្រើនសន្ធឹកសន្ធាប់។

បើសិនជាយើងពិនិត្យមើលលើសំណង់ប្រាសាទ ដែលមានច្រើនស្អេកស្កះនៅតំបន់កោះកេរ្តិ៍ យើងឃើញថា សំណង់ កោះកេរ្តិ៍ ភាគច្រើនត្រូវបានកសាង ក្នុងរយៈពេលខ្លី នៃរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី៤ តែប៉ុណ្ណោះ។ ក្រៅពីតំបន់កោះកេរ្តិ៍ យើងឃើញមានប្រាសាទ មួយចំនួន ដែលសាងសង់ក្នុងរចនាថ ដូចគ្នានៅតំបន់ផ្សេងៗទៀតដូចជា ប្រាសាទក្រវ៉ាន់នៅអង្គរ ប្រាសាទនាងខ្មៅតាកែវ ប្រាសាទមួយចំនួន នៅជើងភ្នំដងរែក និងនៅក្នុងប្រទេសថៃ បច្ចុប្បន្ន។

ទោះជាយ៉ាងនេះក្តី ក្រុមប្រាសាទនៅតំបន់កោះកេរ្តិ៍ ជាអច្ឆរិយៈដ៏អស្ចារ្យរបស់ខ្មែរ។ ក្រុមប្រាសាទកោះកេរ្តិ៍ សង់លើផ្ទៃដីខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ឬឆោកគគ៌្យរ។ ប៉ុន្ដែឈ្មោះជាផ្លូវការតាមភាសាសំស្ក្រិត ដែលបានកត់ត្រានៅតាមសិលាចារឹក គឺ«លិង្គបុរៈ»។ អ្វីដែលគួរឲ្យអ្នកសិក្សាស្រាវជ្រាវ និងអ្នកប្រវត្តិសាស្ត្រយកចិត្តទុកដាក់ពីតំបន់កោះកេរ្តិ៍ គឺការសាងសង់ប្រាសាទរាងជាសាជី។ ភាគច្រើននៃសំណង់ប្រាសាទទាំងនោះ គឺស្ថាបនាឡើងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់។ លក្ខណៈសំណង់ប្រាសាទនេះ គឺល្អប្លែកពីគេដូច្នេះហើយ បានជានៅក្នុងស្ថាបត្យកម្មសិល្បៈខ្មែរ គេឱ្យឈ្មោះក្រុមប្រាសាទកោះកេរ្តិ៍ ជាឈ្មោះរចនាបទមួយហៅថា «រចនាបទកោះកេរ្ដិ៍» ។ នៅពេលដែលមនុស្សម្នាទូទៅនឹកគិតស្រមើស្រមៃ និងអាចទៅទស្សនាឃើញដោយផ្ទាល់ភ្នែកអំពីប្រាសាទកោះកេរ្ដិ៍នេះ នោះអ្នកគ្រប់គ្នាអាចគិតពិចារណាថា វាគឺជាប្រាសាទពីរ៉ាមីត របស់ប្រទេសកម្ពុជា។

តំបន់កោះកេរ្តិ៍ជាតំបន់ ដែលបន្សល់ទុកនូវរបកគំហើញថ្មីៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ប្រាង្គប្រាសាទ និងរូបចម្លាក់នានាសុទ្ធតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិ។ អ្នកស្រាវជ្រាវបានរកឃើញសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទនៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ៤ជ្រុង មានប្រាសាទមួយចំនួនដូចជាៈ ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះ ពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី១គ.ម ទៅ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាតបាត់រូបរាង ខ្លះកប់ក្នុងដី...។

ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញទាំងពីធម្មជាតិ និងពីមនុស្ស។ ប្រាសាទកោះកេរ្តិ៍ ត្រូវរងនូវការបាក់បែក និងខូចខាតជាច្រើន។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិល ជាង៣០ឆ្នាំ (១៩៧០-១៩៩៨) ការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើង យ៉ាងអនាធិបតេយ្យ និងសភាពធ្ងន់ធរបំផុត ដែលប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។

នៅក្នុងឆ្នាំ ១៩៧០នៅតំបន់កោះកេរ្តិ៍ ព្រមទាំងខេត្តព្រះវិហារទាំងមូល ត្រូវបានដាក់នៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរ ក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មខ្មែរក្រហម មកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ។

សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនឹងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
មរតកកម្ពុជា


EmoticonEmoticon