ប្រវត្តិនៃ ការបែកបាក់បន្ទាយលង្វែក និង ផលវិបាក
ដកស្រង់ចេញពីpage SPKT LIV
ការបាក់បែកបន្ទាយលង្វែក
នៅឆ្នាំ ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើររាជសារសុំជំនួយពីស្ដេចខ្មែរព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។
នៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែតែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក (បើតាមឯកសារមហាបុរសខ្មែរភាគ៣ បានប្រាប់ថាសៀមយកប្រាក់ដួងចំនួន ៥០០០ ដួង ច្របល់និងគ្រាប់សំណច្រក ក្នុងកាំភ្លើងធំតូច បាញ់ចេញអស់វេលា ៣ ថ្ងៃ )។
ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។
នៅឆ្នាំ ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។
ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។
ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីលាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។
ផលវិបាក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។
ប្រទេសកម្ពុជាបានបាត់បង់អាណាខែត្រខាងលិច និងពាយព្យ ដូចជា ខែត្រចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។
EmoticonEmoticon