Showing posts with label movies. Show all posts
Showing posts with label movies. Show all posts

Sunday, February 5, 2017

ប្រាសាទបី គឺជាប្រាសាទមួយកសាងឡើងអំពីឥដ្ឋ ដោយមានតួប៉មចំនួនបីឈរតម្រៀបគ្នានៅលើជើងគ្រឹះតែមួយ

ប្រាសាទបី Khmer temple  អត្ថបទនេះដកស្រង់ចេញពីpage SPKT LIV

ប្រាសាទបី គឺជាប្រាសាទមួយកសាងឡើងអំពីឥដ្ឋ ដោយមានតួប៉មចំនួនបីឈរតម្រៀបគ្នានៅលើជើងគ្រឹះតែមួយ ដែលមានទទឹង ១០ ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រ។ ចំពោះឈ្មោះប្រាសាទបីនេះ គឺមជ្ឍដ្ឋានអ្នកសិក្សាស្រាវជ្រាវបានហៅតាមអ្នកស្រុកដែលរស់នៅជិតនោះប៉ុណ្ណោះ ដោយគេហៅបែបនេះដោយសារ គេឃើញប្រាសាទនេះមានតួប៉មនៅជិតៗគ្នានេះឯង ចំណែកឈ្មោះពិតប្រាកដយ៉ាងណានោះ គឺយើងមិនទាន់ដឹងនៅឡើយទេ។ ប្រាសាទនេះ មានទីតាំងស្ថិតនៅតាមមាត់ថ្នល់ផ្លូវឆ្លងកាត់ចូលទៅកាន់ខ្លោរទ្វារអង្គរធំទិសខាងត្បូង ចន្លោះប្រាសាទបក្សីចាំក្រុងនិងគូទឹកអង្គរធំ និងនៅជិតប្រាសាទថ្មបាយក្អែក។ ដោយគេមើលឃើញថាក្នុងចំណោមតួប៉មកណ្ដាលមានលក្ខណៈនៅល្អ ចំណែកតួប៉មពីរទៀតដែលអមសងខាងនោះមិនមានដំបូល ហាក់ដូចជាមិនទាន់សាងសង់រួចតាំងពីសម័យកសាងប្រាសាទនេះមកម្ល៉េះ។ ប្រាសាទបី ដែលត្រូវបានគេធ្វើការសន្និដ្ឋានថា ជាប្រាសាទមួយដែលកសាងមិនទាន់រួចរាល់នេះ អាចកសាងឡើងតំណាលគ្នានឹងប្រាសាទថ្មបាយក្អែក តាំងពីសតវត្សទី១០ នៃគ្រិស្ដសករាជមកម្ល៉េះ គឺកសាងក្នុងសម័យបាពួន ឃ្លាំង បន្ទាយស្រី និង អង្គរវត្ត ដែលគេនិយមយកឥដ្ឋមកកសាងជាប្រាសាទ គឺមុនយុគសម័យប្រាសាទបាយ័នទៅទៀត។ ហើយប្រាសាទនេះ ត្រូវបានគេធ្វើការសន្និដ្ឋានថាជាស្នាព្រះហស្ថរបស់ព្រះបាទយសោវរ័ន្មទី១ ក្នុងការឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប៉ុន្តែរហូតមកដល់ឆ្នាំ ១៩៦០ សម័យបារាំង ប្រាសាទនេះត្រូវបានគេធ្វើការជួសជុលបន្ថែម។

នៅក្នុងប្រាសាទកណ្ដាលដែលមានកម្ពស់១០ម៉ែត្រ យើងអាចឃើញមានជើងទម្រលិង្គព្រះឥសូរតាំងនៅទីនោះ។ ហើយនៅត្រង់ផ្តែរនៃប្រាង្គមេនេះផងដែរ យើងមានឃើញរូបចម្លាក់ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ។

បុរាណវិទូនៅមិនទាន់យល់បានថា តើការកសាងប្រាសាទដោយឥដ្ឋនេះ គេប្រើឥដ្ឋដែលមិនទាន់បានដុតមកតម្រៀបគ្នាធ្វើជាប្រាសាទរួចហើយទើបបានដុតជាក្រោយ ឬមួយយ៉ាងណា? ប៉ុន្តែភាគច្រើនគេមានជំនឿថា ប្រាសាទនេះត្រូវបានគេយកឥដ្ឋដែលដុត ហើយមកតម្រៀបគ្នា រួចហើយយកកាវជ័រដែលបានមកពីការផ្សំបញ្ចូលគ្នានៃវត្ថុធាតុដើមធម្មជាតិជាច្រើនប្រភេទ ដូចជា ទឹកឃ្មុំ ស្ករត្នោត ដំបូក ៘ មកភ្ជាប់តគ្នា ព្រោះប្រសិនបើយកឥដ្ឋដែលនៅមិនទាន់ដុតមកកសាង វាអាចធ្វើឱ្យប្រាសាទ ស្រុត ឬ ធ្វើឱ្យផ្អៀងបាន ។

ប្រាសាទនេះមិនត្រឹមតែមិនសូវជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរប៉ុន្មាននោះទេ សូម្បីក្រុមការងារអភិរក្សក៏មិនសូវបានយកចិត្តទុកដាក់ដែរ ព្រោះបើលោកអ្នកចូលទៅមើលក្នុងប៉មកណ្តាល នុះ! លោកអ្នកនឹងលាន់មាត់ហួសចិត្តគ្រប់គ្នា ដោយនៅក្នុងប្រាង្គកណ្តាលដែលជាទីសក្ការៈបូជានេះ បែរជាមានមនុស្សអគតិ យកដៃដ៏ចង្រៃទៅគូសរូបមិនគួរគប្បីនៅទីនោះហើយក្រុមអភិរក្សប្រហែលជាមិនបានឃើញ ឬយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ទុកឲ្យរូបនោះរក្សាទុកមកដល់សព្វថ្ងៃនេះ។
-----------
Ty Sareun

Wednesday, February 1, 2017

ប្រវត្តិនៃ ការបែកបាក់បន្ទាយលង្វែក និង ផលវិបាក

ប្រវត្តិនៃ ការបែកបាក់បន្ទាយលង្វែក និង ផលវិបាក
ដកស្រង់ចេញពីpage SPKT LIV
ការបាក់បែកបន្ទាយលង្វែក

នៅឆ្នាំ ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើររាជសារសុំជំនួយពីស្ដេចខ្មែរព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។
នៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែ‌តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបង​ការពារបន្ទាយលង្វ‌ែ‌ក (បើតាមឯកសារមហាបុរសខ្មែរភាគ៣ បានប្រាប់ថា‌សៀមយកប្រាក់ដួងចំនួន ៥០០០ ដួង‌ ច្របល់និងគ្រាប់សំណច្រក ក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌ បាញ់ចេញអស់វេលា ៣ ថ្ងៃ )។
ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។
នៅឆ្នាំ ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។
ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ‌ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។
ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីលាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។

ផលវិបាក

ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។

ប្រទេសកម្ពុជាបានបាត់បង់អាណាខែត្រខាងលិច និងពាយព្យ ដូចជា ខែត្រចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។

Khmer temple Phnom Daដកស្រង

Khmer temple Phnom Daដកស្រងចេញពីpage SPKT LIV

ក្បាច់ផ្តែរកូរសមុទ្រទឹកដោះនៅ ប្រាសាទភ្នំដា
•••••❤🇰🇭❤•••••
     ភ្នំ ដា ជាកូនភ្នំតូចមួយស្ថិតនៅ ចម្ងាយ ប្រមាណជា ៣ គីឡូម៉ែត្រខាងត្បូង នៃអតីតរាជធានី អង្គរបុរី ក្នុង ខេត្តតាកែវបច្ចុប្បន្ន ។ នៅលើកំពូលភ្នំ គេឃើញមាន ប្រាសាទ ថ្មបាយក្រៀម មួយយ៉ាងធំបានសាងសង់ឡើងនៅ ស.វ ទី ១១ មានចម្លាក់ ផ្តែរមួយដ៏សំខាន់ បង្កប់នូវអត្ថន័យជា ប្រវត្តិសាស្ត្រដែល សព្វថ្ងៃនេះ ត្រូវបានគេភ្លេចទៅហើយ ។
     សូមរំលឹកថា ប្រាសាទឥដ្ឋដ៏ធំនេះ ត្រូវបានសាងសង់ឡើងនៅលើខឿន ប្រាសាទឥដ្ឋមួយនាសម័យនគរ ភ្នំ ដែល ត្រូវបានដួលរលំទំនងដោយសារ សង្គ្រាមរវាង នគរ ភ្នំ និង ចេនឡា ក្នុង អតីតកាល ។ នៅបាត ប្រាសាទ គេ បានឃើញចម្លាក់ ព្រះបដិមាបុរេអង្គរ ៣ អង្គ សម្រាប់ជាទីសក្ការៈរួមមាន ព្រះ នរាយណ៍ ឬ វិស្ណុ ព្រះពលរាម និង ព្រះរាម ដែល សព្វថ្ងៃនេះ ក្រោយពី ត្រូវបាន ជួសជុល ត្រូវបានរក្សាទុកនៅសារមន្ទីរ ជាតិភ្នំពេញ ។

     ដោយឡែកយើងក៏បានឃើញមាន ចម្លាក់ ក្បាច់ ផ្តែរ និង ហោរជាងមួយ ដែលជា គ្រឿងតុបតែង ប្រាសាទភ្នំដា ដែលស្ថិតនៅ ផ្នែកខាង ក្នុងនៃ ប្រាសាទ ប្រកបដោយ ក្បាច់ក្បូររស់ រវើកគួរជាទីគយគន់ ។
     រូបចម្លាក់លំអ ប្រាសាទ ទី ១ ជា បំណែក ផ្តែរតំណាងបន្ទំរបស់ ព្រះវិស្ណុ ( វិស្ណុ អនន្ត ) លើនាគរាជ ។ ចម្លាក់នេះ បានបាក់ជាពីរកំណាត់ឯ ព្រះសិរសា របស់ ព្រះអាទិត្យវិញក៏ត្រូវបានគេ កំទេចទាំងស្រុងដែរ ។ ចម្លាក់ទាំងពីរ ខាងលើនេះ ត្រូវបានស្នើឲ្យគេដឹក យកទៅដម្កល់ទុកនៅសារមន្ទីរនៅ ស្រុក អង្គរបុរី ។ ចំណែកហោរជាង ដែលសព្វថ្ងៃ ត្រូវគេយកទៅតម្កល់ទុក នៅសារមន្ទីរ ហ្គីមេ នៅ ប្រទេសបារាំង ឯណោះតំណាងឲ្យការកូរសមុទ្រ ទឹកដោះ ។ ទេវកថានៃលទ្ធិ ព្រហ្មញ្ញសាសនាខាងលើនេះនៅក្នុង អម្លុង ស . វ ទី ១១ នៃ គ .ស នៅពេញនិយម នៅឡើយ ។ គេបានចាត់ទុកថានៅ ខាងលើនៃចម្លាក់មានពពួកទេព្តា តំណាងឲ្យពួកទេពអប្សរកំពុងអបអរ សារទរនូវការប្រណាំង ប្រជែងរវាងគូវិវាទទាំងពីរ ។ នៅលើចម្លាក់នោះដែរ មានចម្លាក់ ព្រះព្រហ្ម ដែលទើបតែ ត្រូវបាន ប្រសូត្រឡើងដោយ ទ្រង់គង់ប្រថាប់លើទងផ្កាឈូកទិព្វមួយដែលដុះ ចេញពីថូផ្ទុកទឹកអម្រឹតដ៏ពិសិដ្ឋក្នុងខណៈដែល ព្រះ ច័ន្ទ និង ព្រះអាទិត្យ ទើបតែលេចធ្លោរចេញពីការកូរសមុទ្រ ទឹកដោះ ។
     ជាទូទៅផ្ទាំង ផ្តែរ នៅលើហោរជាង ដ៏សំខាន់ខាងលើនេះ ត្រូវបានគេ ចាត់ទុកថាជាការបង្កើតលោកយើង នេះក្នុងលទ្ធិ ព្រហ្មញ្ញសាសនា ។
     ប៉ុន្តែនៅទីនេះកត្តាដែលគួរឲ្យ កត់សម្គាល់នោះ គឺចម្លាក់ ផ្តែរ កូរ សមុទ្រទឹកដោះបានបង្កប់នូវន័យ មនោ គមវិទ្យា ដ៏ខ្ពង់ខ្ពស់ គឺការការពារ អំណាចរបស់ ព្រះរាជា ខ្មែរ នាជំនាន់ នោះ ។ បើនិយាយមួយបែបទៀតតាម ការពិតណាស់លក្ខណៈ នៃ ក្បាច់ ផ្តែរ នេះ គឺជាការបកស្រាយ នៃជំនឿ សាសនាបែប ព្រហ្មញ្ញសាសនា ក៏ មែនពិត ក៏ប៉ុន្តែ ទន្ទឹមនឹងនេះការសម្តែង នូវមហិទ្ធិឫទ្ធិ របស់មហាក្សត្រដែលជា តួអង្គសំខាន់ជាងគេ ។ ចំណែកតួអង្គ ផ្សេងៗ ឯទៀតនៅ ផ្នែក ខាងលើនៃ ហោរជាងដែល ត្រូវបាន ឆ្លាក់ ដោយមានការយកចិត្តទុកដាក់សំរិតសំរាំងយ៉ាងខ្លាំងដែរ ពិតជាតំណាង ឲ្យ កម្លាំងរបស់ ប្រជាជនជុំវិញ ប្រមុខដឹកនាំ ក្នុងការស្ថាបនាជាតិ ឆ្ពោះទៅរកវឌ្ឍនភាព ។ នេះជាការពិតមួយដែល គេមិនអាចបដិសេធបានកាលបើពិនិត្យ ឬ កំណត់បរិបទចម្លាក់នេះឲ្យបាន ត្រឹមត្រូវ ។
     គួររំលឹកថាចំពោះចម្លាក់ ព្រះវិស្ណុ ដែលស្ថិតនៅចំកណ្តាល ផ្ទាំង ចម្លាក់ ផ្តែរ ព្រះអង្គ មានដៃបួននៅលើ ដៃ នីមួយៗ មានកាន់វត្ថុដូចជាដំបង និង កងចក្រជាដើម ។ ដូចពោលខាងលើ នាគរាជ ដែល ព្រះអង្គ បន្ទំលើនោះ មានជើងដូចនាគចិន ដែលតំណាងឲ្យ ផ្ទៃទឹកសមុទ្រ ។
     នៅទីនេះ ភ្នំសុមេរុ ដែលតំណាង ដោយសសរ មួយ ទ្រដោយសត្វ អណ្តើក ។ នៅលើខ្នងអណ្តើក មានថូ ពិសិដ្ឋមួយ ផ្ទុកដោយទឹកអម្រឹតដែលព ពួកទេវតានៅ ម្ខាង និង ពពួក យក្ខ នៅ ម្ខាងទៀតកំពុងដណ្តើមគ្នាដោយ ទាញព្រ័ត្រមានតំណាងជាពស់ ៕
ត្រា ណេ

Sunday, January 29, 2017

Cambodia temple bayon អំពី​ព្រហ្ម​មុខ​៤ នៅ​ប្រាសាទបាយ័ន

Cambodia temple bayon អត្ថបទនេះបានដកស្រង់ចេញពីFacebook. SPKT LIV

អំពី​ព្រហ្ម​មុខ​៤ នៅ​ប្រាសាទបាយ័ន
•••••❤🇰🇭❤•••••
​    ​តាម​ទស្សនៈ​របស់​ជនជាតិ និង​អន្តរជាតិ មានមតិ​ផ្សេងៗ​គ្នា ដូចជា​រូបព្រហ្ម​នេះ​មិនមែនជា​ព្រះ​ព្រហ្មញ្ញសាសនា​ទេ រូបព្រហ្ម​នេះ​តំណាង​ឲ្យ​អ្នកថែរក្សា​ទិស​ទាំង​៤ ដែល​គេ​ហៅថា ចតុលោកបាល គឺ​អ្នក​ដែល​ការពារ​ទិស​ពិភពលោក មុខ​៤​យាម​ទិស​ទាំង​៤ នៃ​ចក្រ​វា​ឡ ។​
​    ​អ្នកនិពន្ធ​ខ្លះ​គេ​យល់ថា រូប​ទាំងអស់នេះ ដែល​យើង​មើលឃើញ​ញញឹម​ស្រស់​រាក់ទាក់​រក​ពុទ្ធសាសនិក​ទាំងឡាយ ជា​រូបដំណាង​ឲ្យ​ស្តេច​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ខ្លួន​អង្គឯង ព្រោះ​លក្ខណៈ​របស់​ស្តេច​ជ័យ​វរ្ម័នទី​៧ យើង​បានឃើញ​រូ​ច​សំណាក់​គង់​ពេន​ភ្នែន​ក្នុង​កាយវិការ​ធ្យាន​មុ​ទ្រៈ ឬ​ធ្វើ​សមាធិ ដែល​គេ​ហៅថា ពុទ្ធ​រាជ​ដែលជា​ព្រះពុទ្ធ និង​ជា​ស្តេច​ផែនដី​ផង ។​
​    ​គំនិត​មួយទៀត ក្នុងចំណោម​រូប​ទាំងអស់នេះ ស្តេច​ជ័យ​វរ្ម័នទី​៧ ដែល​កាន់​ព្រះពុទ្ធសាសនា ព្រះអង្គ​មានចិត្ត​អាណិតអាសូរ​ករុណា​ធម៌​មេត្តា​ច្រើន ដូច្នេះ​ព្រះអង្គ​ចង់​ផ្សព្វផ្សាយ​ទៅ​ទិស​ទាំង​៤ នូវ​ព្រហ្ម​វិហារធម៌ គឺ​មេត្តា (​សេចក្តី​រាប់អាន​), ករុណា (​សេចក្តី​អាណិត​) ឧបេក្ខា (​សេចក្តី​ស្មោះស្មើ​) និង​មុទិតា (​សេចក្តីត្រេកអរ​ចំពោះមុខ​) ។​

ទិដ្ឋភាព​រួម​នៃ​ប្រាសាទបាយ័ន និង ក្លោងទ្វារ​នៃ​ទីក្រុង​អង្គរធំ ដែលមាន​រូបព្រហ្ម​មុខ​បួន (​ម​.​ត ២០០០) និង ចម្លាក់​តំណាង​ព្រះភ័ក្ត្រ​នៃ​ព្រះ​ពោធិសត្វ​អវលោកេស្វរៈ​នៅ​ប្រាសាទតាសោម ដែល​គេ​ហៅថា មុខព្រហ្ម (​ម​.​ត ២០០៨)​

​    ​ទិស​ទាំង​៤ ដំណាង​ឲ្យ​ធាតុ​ទាំង​៤ ដែលមាន​ខ្យល់ ទឹក ភ្លើង និង​ធរណី ។ ព្រោះថា បើ​គ្មាន​ធាតុ​ទាំង​៤ នេះ​ទេ មនុស្ស​មិនអាច​រស់នៅ​បានឡើយ ។​
​    ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​និមិត្តរូប​នៃ​ការវិល​ចុះ​វិល​ឡើង​របស់​ផែនដី ។ បើ​យើង​មើល​ពី​ព្រឹក ថ្ងៃ​រៈ​ពី​កើត មុខ​ខាងលិច​ស្លាប់ ចំណែក​មុខ​ចំហៀង​សងខាង​ទៅតាម​ពេលវេលា ទៅតាម​ខែ នឹង​រដូវ​របស់​ស្រុក​យើង ។​
​    ​ពេល​ថ្ងៃ​ដើរ​ត្រង់​ពីលើ ពេលខ្លះ​ដើរ​ឆៀង​ខាងត្បូង ពេលខ្លះ​ដើរ​ឆៀង​ខាងជើង ពេលណា​ថ្ងៃ​រះ​ផុត គឺ​មុខ​ខាងជើង​ត្រូវ​ពន្លឺ​ថ្ងៃ​ជាង ខាងត្បូង​ម្លប់​បន្តិច ហើយ​ខាងកើត​ថ្ងៃ​រះ ខាងលិច​ថ្ងៃ​លិច​ជាធម្មតា ។​
​    ​មាន​ហេតុផល​ជាច្រើន ដែល​ធ្វើ​ឲ្យ​យើង​ទម្លុះ​នូវ​ពុទ្ធអង្គ អាថ៌កំបាំង​នៃ​ចំនួន​ដ៏​ច្រើន​លើសលុប​របស់​ព្រះ​កេស​នៃ​ព្រះព្រហ្ម​មុខ នៅលើ​ប្រាសាទបាយ័ន ។ តាមពិតទៅ​បើ​សំអាង​លើ​ពុទ្ធប្រវត្តិ​យើង រឿងដំណាល​ថា ព្រះ​ពី​ដើម​ធ្លាប់​សោយរាជ្យ​ជា​ស្តេច​ចក្រពត្តិ កាន់​បាទ​សូមទាន​គេ ហើយ​គេ​ឥត​គោរព ព្រះអង្គ​សម្តែង​ប​ដិ​ហា កើតជា​ព្រះពុទ្ធ មួយអង្គ អណ្តែត​ពេញ​អាកាស ។ ថ្វីត្បិតតែ​សេចក្តីពន្យល់​ខាងលើនេះ គេ​អាច​ទទួលយកបាន តែ​ត្រូវ​ជ្រាបថា ចំនួន​នៃ​ព្រះ​កេស​ទាំងអស់នោះ ដែលមាន​ចំនួន​១០៨ ពិតជា​ទាក់ទង​ទៅនឹង​លោក​ពិសិដ្ឋ ដែលមាន​ក្នុង​គម្ពីរ​វេទ និង​មហាយាន​ផងដែរ ។ លេខ​៥៤១០៨ ឬក៏ ១០០០ ពិតជា​បង្កប់​នូវ​និមិត្តរូប​ស៊ីជម្រៅ​ឥត​គណនា គឺ​អំណាច​មហិទ្ធិឫទ្ធិ បុណ្យ​បារមី​ដ៏​លើសលប់​គ្មាន​ត្រើយ​ត្រា​ន្ត​របស់​ព្រះ​លោកេស្វរៈ ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ទាំង​៤ ដ៏​មហាប្រសើរ​សម្រាប់​សត្វលោក ។​
​    ​ពេល​យើង​ឡើងដល់​ជាន់​ទី​៣ ហាក់បីដូច​នៅ​កណ្តាល​ហ្វូងមនុស្ស​ច្រើន ពេលនោះ​អាណាចក្រ​កម្ពុជា មានការ​ច្របូកច្របល់​ដោយសារ​សាសនា ទើប​ប្រាសាទបាយ័ន ដែល​កសាងឡើង​ដោយ​ស្តេច​ជ័យ​វរ្ម័នទី​៧ បាន​ចែកជា ៣​កាល គឺ កាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧, កាល​ព្រះបាទ​យ​សោ​វរ្ម័នទី​១ និង​កាល​សៀម​លើកទ័ព​មក​វាយលុក​យក ទីក្រុង​អង្គរធំ​នៅ​ឆ្នាំ​១១១៧ ។​
​    ​ក្រោយមក ពី​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​ទៅ​តស៊ូ​រំដោះជាតិ​ក្នុង​រយៈពេល​៤​ឆ្នាំ គឺ​ប​ង្រួ​បង្រួម​ជាតិ​ផង រហូតដល់​ឆ្នាំ​១១៨១ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បណ្តេញ​ទ័ព​ចាម​ឈ្លានពាន​ចេញ​អស់ពី​ក្រុង​អង្គរធំ ទើប​រៀបចំ​ទីក្រុង​ឡើងវិញ និង​រៀបចំ​កសាង​ប្រាសាទតូចៗ​បន្ថែម​លើ​សំណង់​ចាស់ ដើម្បី​ប្រាសាទ​នោះ​ទៅជា​ប្រាសាទ​ក្នុង​រជ្ជកាល​របស់​ទ្រង់ ។​
​    ​រួម​សេចក្តី​មក យើង​សន្និដ្ឋានបានថា ប្រាសាទបាយ័ន​កសាងឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​ពោធិសត្វ លោកេស្វរៈ​មានមុខ​៤ ជាទី​សំអាង​ក្នុង​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន ។ នៅ​ឆ្នាំ​១៩៣៣ លោក ហ្ស​ក​ទ្រូ​វេ ជា​អ្នក​អភិរក្ស​ទី​៣ នៅ​តំបន់​សៀមរាប​អង្គរ បានធ្វើ​កំណាយ​ក្នុង​កំឡុង​ឆ្នាំ​១៩៣១ ចំ​កណ្តាល​ប្រាសាទ​កណ្តាល (​ធំ​) ជម្រៅ ១៤​ម៉ែត្រ ស្មើនឹង​កម្រិត​ដី​រាប​របស់​ប្រាសាទ លោក​បាន​យក​ដី​ចេញពី​ក្រៅ ដើម្បី​សិក្សា​ស្រាវជ្រាវរ​កកេ​តន​ភ័​ណ្ឌ​ផ្សេងៗ តែ​នៅ​ក្នុងនោះ​លោក​បាន​រកឃើញ​ព្រះ​ពុទ្ធរូប​មួយអង្គ​បាក់បែក កំពស់ ៣​ម៉ែត្រ ៦០ ហើយ​បាន​ជួសជុល​ឡើងវិញ​ជា​ស្ថាពរ ហើយ​ប្រគល់ជូន​ស្តេច​ស៊ីសុវត្ថិ​មុនី​វង្ស នៅ​ថ្ងៃទី​១៧ ឧសភា ឆ្នាំ​១៩៣៥ ហើយ​បាន​យកទៅ​តម្កល់​នៅ​ព្រះវិហារ​ប្រាំពីរ​ល្វែង តាម​បណ្តោយ​ថ្នល់ ទៅ​ក្លោងទ្វារ​ជ័យ នៅ​ខាងត្បូង​ថ្នល់​ក្រោយ​ប្រាសាទ​សួរ​ព្រ​ត្រ ។​
​    ​ប្រាសាទ​ដែល​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា គេ​ហៅថា ព្រះពុទ្ធ​ជ័យ​ពុទ្ធ​មហា​នាថ បានន័យថា ជ័យ​ដំណាល​ឲ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ព្រះពុទ្ធ​ដំណាង​ឲ្យ​អ្នករក្សា​លោក ។​
​    ​សរុបមក ព្រះ​ភក្ត្រ​ទាំង​៤ ដ៏​ធំ ដែល​ស្ថិតនៅលើ​កំពូល​ទាំងឡាយ​នៃ​ប្រាសាទបាយ័ន ដែល​នៅ​ប្រាង្គ​កណ្តាល ឬ​ប្រាង្គ​ប្រធាន ដែល​ពី​ដើម​មានការ​គោរពបូជា​ព្រះ​ជ័យ​ពុទ្ធ​មហា​នាថ​នោះ គឺ​ពិតជា​តំណាង ឲ្យ​ព្រះ​លោកេស្វរៈ ។ ព្រះអង្គ​មាន​ទឹកមុខ​ញញឹម​ប្រឹម​ប្រិ​យ៍ បែរមុខ​មករក​ឃើញ ហាក់បីដូចជា​ចង់​រង់ចាំ​ភ្ញៀវ​យ៉ាង​រាក់ទាក់ មើល​ពី​ខាង​ណា​ក៏​ដូច​ខាង​ណា ឃើញ​ស្នាមញញឹម ពព្រាយ នាំ​ឲ្យ​យើង​សប្បាយរីករាយ​នឹង​កោត​ស្ងប់​ស្ងែ​ង ពី​វិ​រ​ទេពកោសល្យ​នៃ​ស្ថាបត្យករ ជា​ដូនតា​របស់​យើង ៕

Cambodia temple ប្រាសាទកោះកេរ្តិ៍ រាជធានីចាស់បុរាណរបស់ខ្មែរ មានអាយុកាលជាង ១០០០ឆ្នាំ

Cambodia temple koh khe អត្ថបទនេះយកចេកពីpage SPKT LIV

ប្រាសាទកោះកេរ្តិ៍ រាជធានីចាស់បុរាណរបស់ខ្មែរ មានអាយុកាលជាង ១០០០ឆ្នាំនៅតែទាក់ទាញ ❤🇰🇭❤
•••••••••••••••••••
ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចំងាយ ៧២គ.ម ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ២១១ និងផ្លូវលំចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរតាមដងផ្លូវលេខ៦៤ ដែលបែកចេញពីផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ឆ្ពោះទៅទិសខាងជើងសំដៅទៅរកស្រុកស្វាយលើ ខេត្តសៀមរាប រួចបន្តទៅស្រុកគូលេន ខេត្តព្រះវិហារ គឺមានចំងាយប្រមាណ ១២០គ.ម។ បើគិតពីការគ្រប់គ្រងរដ្ឋបាលសព្វថ្ងៃ មណ្ឌលនៃអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។

កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថាទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។

នៅកន្លែងថ្មីនេះ ព្រះអង្គបានខិតខំកសាងនូវសមិទ្ធិផលធំៗ ជាច្រើនដូចជាប្រាសាទកោះកេរ្តិ៍ ឬហៅថាប្រាសាទធំ សម្រាប់តម្កល់សិវលិង្គ ឈ្មោះត្រីភូវនេស្វរៈ ជាដើម។ បច្ចុប្បន្នសេវលិង្គបានបាត់បង់ទៅហើយ។

នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម ចែកចេញជា៧ថ្នាក់ និងមានកាំជណ្តើរប្រមាណ ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយមានកំពស់៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។

សំណង់ប្រាសាទកោះកេរ្តិ៍ ឬប្រាសាទធំនេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ នៅទិសខាងលិច សំណង់ប្រាសាទកោះកេរ្តិ៍ គឺជារាជធានីយសោធបុរៈ (អង្គរ)។

ក្រោយពីការសោយទិវង្គត់ របស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមហស៌វរ្ម័នទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤គ.ស រាជធានីកោះកេរ្តិ៍ ឬឆោកគគ៌្យរ ក៏ត្រូវបាន ព្រះបាទរាជេន្រ្ទវរ្ម័នទី២ ផ្លាស់ចូលមកក្នុងរាជធានីយសោធបុរៈ (អង្គរ) វិញ។ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានយាងត្រឡប់មកសោយរាជ្យនៅរាជធានីអង្គរវិញ ប៉ុន្តែគ្មាននរណាម្នាក់អាចពន្យល់ពីមូលហេតុអោយបានច្បាស់លាស់ នៃការវិលត្រឡប់ របស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានឡើយ។

ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។

បើគិតពីរយៈពេលនៃការតាំងរាជធានីនៅកោះកេរ្តិ៍ មានតែជាង២០ឆ្នាំប៉ុណ្ណោះ តែការតាំងទីរស់នៅរបស់ប្រជាជនគឺច្បាស់ជាមានមុននោះ ហើយការសាងសង់សំណង់ប្រាសាទនានាច្បាស់ជាមានយូរក្រោយមកទៀត ថ្វីត្បិតសំណង់មានច្រើនសន្ធឹកសន្ធាប់។

បើសិនជាយើងពិនិត្យមើលលើសំណង់ប្រាសាទ ដែលមានច្រើនស្អេកស្កះនៅតំបន់កោះកេរ្តិ៍ យើងឃើញថា សំណង់ កោះកេរ្តិ៍ ភាគច្រើនត្រូវបានកសាង ក្នុងរយៈពេលខ្លី នៃរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី៤ តែប៉ុណ្ណោះ។ ក្រៅពីតំបន់កោះកេរ្តិ៍ យើងឃើញមានប្រាសាទ មួយចំនួន ដែលសាងសង់ក្នុងរចនាថ ដូចគ្នានៅតំបន់ផ្សេងៗទៀតដូចជា ប្រាសាទក្រវ៉ាន់នៅអង្គរ ប្រាសាទនាងខ្មៅតាកែវ ប្រាសាទមួយចំនួន នៅជើងភ្នំដងរែក និងនៅក្នុងប្រទេសថៃ បច្ចុប្បន្ន។

ទោះជាយ៉ាងនេះក្តី ក្រុមប្រាសាទនៅតំបន់កោះកេរ្តិ៍ ជាអច្ឆរិយៈដ៏អស្ចារ្យរបស់ខ្មែរ។ ក្រុមប្រាសាទកោះកេរ្តិ៍ សង់លើផ្ទៃដីខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ឬឆោកគគ៌្យរ។ ប៉ុន្ដែឈ្មោះជាផ្លូវការតាមភាសាសំស្ក្រិត ដែលបានកត់ត្រានៅតាមសិលាចារឹក គឺ«លិង្គបុរៈ»។ អ្វីដែលគួរឲ្យអ្នកសិក្សាស្រាវជ្រាវ និងអ្នកប្រវត្តិសាស្ត្រយកចិត្តទុកដាក់ពីតំបន់កោះកេរ្តិ៍ គឺការសាងសង់ប្រាសាទរាងជាសាជី។ ភាគច្រើននៃសំណង់ប្រាសាទទាំងនោះ គឺស្ថាបនាឡើងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់។ លក្ខណៈសំណង់ប្រាសាទនេះ គឺល្អប្លែកពីគេដូច្នេះហើយ បានជានៅក្នុងស្ថាបត្យកម្មសិល្បៈខ្មែរ គេឱ្យឈ្មោះក្រុមប្រាសាទកោះកេរ្តិ៍ ជាឈ្មោះរចនាបទមួយហៅថា «រចនាបទកោះកេរ្ដិ៍» ។ នៅពេលដែលមនុស្សម្នាទូទៅនឹកគិតស្រមើស្រមៃ និងអាចទៅទស្សនាឃើញដោយផ្ទាល់ភ្នែកអំពីប្រាសាទកោះកេរ្ដិ៍នេះ នោះអ្នកគ្រប់គ្នាអាចគិតពិចារណាថា វាគឺជាប្រាសាទពីរ៉ាមីត របស់ប្រទេសកម្ពុជា។

តំបន់កោះកេរ្តិ៍ជាតំបន់ ដែលបន្សល់ទុកនូវរបកគំហើញថ្មីៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ប្រាង្គប្រាសាទ និងរូបចម្លាក់នានាសុទ្ធតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិ។ អ្នកស្រាវជ្រាវបានរកឃើញសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទនៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ៤ជ្រុង មានប្រាសាទមួយចំនួនដូចជាៈ ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះ ពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី១គ.ម ទៅ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាតបាត់រូបរាង ខ្លះកប់ក្នុងដី...។

ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញទាំងពីធម្មជាតិ និងពីមនុស្ស។ ប្រាសាទកោះកេរ្តិ៍ ត្រូវរងនូវការបាក់បែក និងខូចខាតជាច្រើន។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិល ជាង៣០ឆ្នាំ (១៩៧០-១៩៩៨) ការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើង យ៉ាងអនាធិបតេយ្យ និងសភាពធ្ងន់ធរបំផុត ដែលប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។

នៅក្នុងឆ្នាំ ១៩៧០នៅតំបន់កោះកេរ្តិ៍ ព្រមទាំងខេត្តព្រះវិហារទាំងមូល ត្រូវបានដាក់នៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរ ក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មខ្មែរក្រហម មកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ។

សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនឹងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
មរតកកម្ពុជា