ឆេះរថយន្តទេសចរ ផ្អើលភ្ញៀវបរទេសរត់ចែកជើងគ្នា
បន្ទាយមានជ័យ៖ រថយន្តក្រុង២១គ្រឿង ប្រភេទ២៤កៅអី ខណៈកំពុងធ្វើដំណើរស្រាប់តែឆេះសន្ឋោសន្ឋៅផ្អើលភ្ញៀវបរទេសជាង១០នាក់នៅក្នុងរថយន្ត រត់ចែកជើងគ្នា នៅចំណុចលើផ្លូវជាតិលេខ៥ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
នគរបាលឲ្យដឹងថា រថយន្តទេសចរខាងលើចេញដំណើរមកពីខេត្តសៀមរាប បម្រុងឆ្ពោះទៅក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុស្រាប់តែហុយផ្សែង និងឆាបឆេះយ៉ាងសន្ឋោរសន្ឋៅ ធ្វើឲ្យភ្ញៀវបរទេសចំនួនជាង១០នាក់ រួមទាំងអ្នកបើកបរ ហក់តាមបង្អោច រត់ចែកជើងគ្នា។
យ៉ាងណាក៏ដោយករណីមួយនេះមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ ដោយក្រោយកើតហេតុលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យរថយន្តពន្លត់អគ្គីភ័យចេញបាញ់ពន្លត់ទាន់ពេលវេលា។
ចំពោះមូលហេតុត្រូវបាននគរបាលជំនាញសន្និដ្ឋានថា បណ្តាលឲ្យមកពីរថយន្តឆ្លងចរន្តអគ្គិសនី៕
EmoticonEmoticon